http://www.health.com.kh/upload/3%28794%29.jpg


Mebendazole ជា​ប្រភេទ​ថ្នាំ ប្រើ​សម្រាប់​ទម្លាក់​សត្វល្អិត ឬ​ទម្លាក់​ព្រូន ដែល​មាន​ដូចជា ព្រូន​ចង្កឹះ ព្រូន​មូល និង​ព្រូនទំពក់​។ ថ្នាំ Mebendazole គេ​អាច​ប្រើ​បាន​តាមរយៈ​ការ​លេប​តាម​មាត់ ដោយ​អ្នក​អាច​លេប​រួមជាមួយ​អាហារ ឬ​លេប​តែ​ថ្នាំ​មួយ​មុខ​តែឯង​។ អ្នក​អាច​ទំពារ ហើយ​លេប ឬ​លេប​ទាំងមូល ឬ​អាច​លេប​លាយ​ជាមួយ​អាហារ​តែម្ដង​។
​សម្រាប់​កម្រិត​ថ្នាំ ដែល​ត្រូវ​លេប គឺ​អាស្រ័យ​ទៅតាម​ស្ថានភាព​សុខភាព​របស់​អ្នក និង​កម្រិត​ថ្នាំ​ប៉ុណ្ណា​ទើប​ខ្លួន​អ្នក អាច​ទទួលយកបាន​។
​ចំពោះ​ការព្យាបាល​អ្នកជំងឺ​ដែល​រង​ការបង្ក​រោគ​ដោយ​ព្រូន​ចង្កឹះ អ្នក​អាច​ឲ្យ​អ្នកជម្ងឺ​លេបថ្នាំ Mebendazole តែ​មួយ​លើក គឺ​អាច​ទទួលបាន​លទ្ធ​ផល​។ ប៉ុន្ដែ បើ​ចាំបាច់ អ្នក​អាច​ឲ្យ​អ្នកជំងឺ លេប​ម្ដងទៀត នៅ​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​។ ចំពោះ​ការបង្ក​រោគ​ដោយ​ប្រភេទ​ព្រូន​ដទៃ​ទៀត​ដូចជា ព្រូន​មូល ព្រូនទំពក់ អ្នក​អាច​ឲ្យ​ពួកគេ​លេបថ្នាំ Mebendazole តាម​មាត់​ចំនួន ៣ ថ្ងៃ ដែល​ជា​ធម្មតា គេ​ច្រើន​តែ​លេប ២ ដង ក្នុង ១​ថ្ងៃ គឺ ព្រឹក ១ ដង និង ល្ងាច ១ ដង ឬ​ជា​ការប្រសើរ អ្នក​អាច​ទៅ​ជួប​វេជ្ជបណ្ឌិត ដើម្បី​សួរ​បញ្ជាក់​ឲ្យ​ច្បាស់​អំពី របៀប​នៃ​ការប្រើ​ថ្នាំ​នេះ​ឲ្យបាន​ត្រឹមត្រូវ​។ ពេលនោះ លោក​វេជ្ជបណ្ឌិត អាច​នឹង​ឲ្យ​លេបថ្នាំ Mebendazole នេះ​ច្រើន​ជាង ២ ដង ក្នុង ១ ថ្ងៃ និង​អាច​លេប​ច្រើនជាង ៣ ថ្ងៃ អាស្រ័យ​នឹង​ស្ថានភាព​សុខភាពរ​របស់​អ្នក​ជម្ងឺ​។ ដូច្នេះ ប្រសិនបើ​អ្នក មាន​បញ្ហា​ព្រូន​នេះ កើតមាន​លើ​ខ្លួន​អ្នក អ្នក​គួរ​ទៅ​ជួប​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ ក្រោយពេល​ព្យាបាល​។ សូម​បន្ត​ការ​លេបថ្នាំ តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ដែល​បាន​ណែនាំ​ឲ្យបាន​ខ្ជាប់ខ្ជួន​។ សូម​កុំ​បន្ថយ កម្រិត​ថ្នាំ​ដោយ​ខ្លួនឯង នៅពេល​ដែល​អ្នក​ឃើញ​ស្ថានភាព​ជម្ងឺ​របស់​អ្នក​បាន​ថយចុះ​។ កាលណា​អ្នក​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ មុន​ពេល​កំណត់ លេបថ្នាំ​មិនបាន​គ្រប់​កម្រិត​របស់​វា ការបង្ក​រោគ​របស់​ព្រូ​ន អាច​នឹង​កើតមាន​ឡើង​វិញ​។ យ៉ាងណាមិញ ប្រសិន​បើ​ស្ថានភាព​ជំងឺ មាន​ការប្រែប្រួល​ខុសធម្មតា ឬ​វិវត្ត​កាន់តែ​ធ្ងន់ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ ដើម្បី​កុំឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទាន់​៕ - narin

ប្រភព: ត្រួតពិនិត្យដោយ www.health.com.khថ្ងៃទី23 ធ្នូ ឆ្នាំ2014