មាតា​គ្រប់ៗ​រូប​តែង​និយាយប្រាប់​កូនៗ​ខ្លួន​ថា អាហារ​ពេលព្រឹក​មានតម្លៃ​ដូចជា​គ្រាប់ពេជ្រ​អ៊ីចឹង​ដែរ​សម្រាប់​សុខភាព​ ជីវិត​មនុស្ស​ប្រចាំថ្ងៃ​។ អាហារ​ពេលព្រឹក​វា​មិន​ត្រឹមតែ​ជា​ប្រភព​ផ្តល់នូវ​ថាមពល​ខ្លាំងក្លា​នោះទេ តែ​វា​ថែមទាំង​មាន​អត្ថប្រយោជន៍​ច្រើន​ទៀត ជារួម​មានដូចជា​សម្រាប់​ត្រួតពិនិត្យ​ទម្ងន់​និង​ការបង្កើន​នូវ​សកម្មភាព​ ផ្សេងៗ​ទៀតផង​។
ហេតុនេះ​ដើម្បី​ជ្រាប់​កាន់តែច្បាស់​សូម​ប្រិយមិត្ត​ឈ្វេងយល់​សេចក្តីលម្អិត ​ខាងក្រោម​ដូចតទៅ​៖ ​តាមរយៈ​ការសិក្សា​មួយ​បាន​បង្ហាញថា ទទួលទាន​អាហារ​ពេលព្រឹក​អាចជួយ​ផ្តល់នូវ​អត្ថប្រយោជន៍​មួយចំនួន​ដល់​លោកអ្នក ​បាន​ដូចជា អាហារ​ពេលព្រឹក​មាន​សារជាតិ​បម្រុង​រាងកាយ​ប្រកបដោយ​គុណភាព​ខ្ពស់​ច្រើន​ សម្បូរ​ជាតិ​វីតាមីន និង​ជាតិ​រ៉ែ​។ ជួយ​បង្កើន​នូវ​ថាមពល​ដល់​រាងកាយ​ពេល​លេង​កីឡា​ឬ សកម្មភាព​ផ្សេងៗ​ពេល​រៀន និង​ពេលធ្វើ​ការងារ​។ បង្កើន​និង​ត​ភ្ជាប់​នូវ​ប្រព័ន្ធ​សព៌ាង្គកាយ​រឹងមាំ​។ កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្ទេ​រ៉ូ​ល​ស្ថិតនៅ​កម្រិត​ទាប​។​ ​សរុបមក​ការទទួល​ទាន​អាហារ​ពេលព្រឹក​បាន​ត្រឹមត្រូវ ពិត​ជាមាន​សារៈសំខាន់​ច្រើនណាស់​ដល់​សុខភាព​មនុស្ស​គ្រប់រូប​ជាពិសេស​ សម្រាប់​កុមារ​និង​មនុស្សពេញវ័យ​។
យោងតាម​សមាគម​ចំណីអាហារ​អាមេរិក​ADA​បាន​ឲ្យ​ដឹងថា ក្មេងៗ​ដែល​ញ៉ាំ​អាហារ​ពេលព្រឹក​មាន​សកម្ម​ភាពល្អ​នៅក្នុង​ថ្នាក់រៀន​និង​ ការលេង​នៅ​ទីកន្លែង​ផ្សេងៗ​។ ពួកគេ​ក៏​ជា​ក្មេង​មានការ​ផ្តោតអារម្មណ៍​ច្រើន មាន​ជំនាញ​ខាង​ដោះស្រាយ​បញ្ហា​បានល្អ និង​សកម្ម​ផ្នែក​ឥ​ន្ទ្រិ​យារ​ម្មណ៍​ដែរ​និង​ភ្នែក​របស់​ពួកគេ​មាន​លក្ខណៈ​ សកម្ម​ទៀតផង​។​ ​